
ការចូលរួមជាសមាជិកសហគមន៍កសិកម្ម បានក្លាយជាចំណុចសំខាន់មួយដែលជួយឱ្យកសិករនៅមូលដ្ឋានទទួលបានទាំងចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ថ្មីៗ ក្នុងការងារដាំដុះ ដើម្បីឈានទៅរកការផលិតបន្លែដែលមានគុណភាព និងសុវត្ថិភាព ព្រមទាំងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ
កំពង់ស្ពឺ÷ ជាក់ស្តែង លោក អ៉ឹម តុងអូន រស់នៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចូលរួមជាមួយសហគមន៍កសិកម្ម និងទទួលបានការបង្ហាត់បង្ហាញ ព្រមទាំងការពន្យល់ណែនាំជាបន្តបន្ទាប់ពីមន្ត្រីកសិកម្មឃុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គការដៃគរនានា ពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះ ការថែទាំដំណាំ ការប្រើប្រាស់ជីធម្មជាតិ និងការគ្រប់គ្រងដំណាំឱ្យបានត្រឹមត្រូវ។











