
លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍
AKP កំពង់ស្ពឺ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម ម៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅសាលប្រជុំធំអគារសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រតិភូអមដំណើរ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។










