
ក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៣នាក់ ដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួន យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់រាលទង្វើទំនើងដែលសង្គមស្អប់ខ្ពើម និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ......
កំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការរបស់ថ្នាក់ដឹកនាំដឹកនាំ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ មានឈ្មោះ ផង់ ចាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ឈ្មោះ ណុង សុខនាង ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ណុង វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ ។ វត្ថុតាងចាប់យករួមមាន ម៉ូតូ ចំនួន០២គ្រឿង (ម៉ាក SCCOPY ស៊េរីឆ្នាំ២០២៣ ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 1W-0501 និងម៉ាក BEAT ស៊េរីឆ្នាំ២០២៦ ពណ៌ក្រហម ផ្លាកលេខ កំពង់ស្ពឺ 1Y-5662) , ទូរស័ព្ទ ចំនួន0៣គ្រឿង ។











