
រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យសំណង់អាណាធិបតេយ្យសង់លើដីចំណីផ្លូវ ក្បែរសាលាបឋមសិក្សាទ័ពមានជ័យ
កំពង់ស្ពឺ៖ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាការគ្រប់គ្រង សណ្តាប់ធ្នាប់សាធារណៈឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យ និងវាយតម្លៃដល់ទីតាំងជាក់ស្តែង ពាក់ព័ន្ធករណីសំណង់អាណាធិបតេយ្យ ដែលត្រូវបានសាងសង់លើដីចំណីផ្លូវ និងជាសំណង់រឹងមាំ ស្ថិតនៅជាប់របងសាលាបឋមសិក្សាទ័ពមានជ័យ ក្នុងភូមិត្រពាំងលើក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំរបស់លោក ជេត ដុំ នាយករងរដ្ឋបាល សាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីក្រុមការងារចម្រុះថ្នាក់ខេត្ត ប្រធាន អនុប្រធានពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ប្រមូលព័ត៌មាន និងវាយតម្លៃលើផលប៉ះពាល់ដែលអាចកើតមាន។











