
ក្មេងទំនើងមួយក្រុមដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈចំនួន ០៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួន យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់រាលទង្វើទំនើងដែលសង្គមស្អប់ខ្ពើម និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលប្រព្រឹត្តកាលពីវេលាម៉ោង ០១:១០នាទី ត្រូវនិងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្ពានចាស់ខាងត្បូងផ្សារកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ទី០១មានឈ្មោះ នឹល គីនីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០២ឈ្មោះ ភឿន ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០៣ឈ្មោះ រិទ្ធ ពុទ្ធត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០៤ឈ្មោះ សំណាង វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ។











