
ឯកឧត្តម ឈួរ សុបញ្ញា : ការរួមគ្នាគាំទ្រពុទ្ធិកសិក្សា គឺរួមចំណែកកសាងធនធានព្រះសង្ឃជំនាន់ក្រោយ និងថែរក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្ស
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានចូលរួមក្នុងពិធីប្រគេនជ័យលាភីសាមណសិស្ស ដែលបានប្រឡងជាប់ក្នុងការប្រឡងជ្រើសរើសសាមណសិស្សពូកែផ្នែក ភាសាបាលី-សំស្ក្រឹត ទូទាំងខេត្តកំពង់ស្ពឺ ក្រោមព្រះវត្តមាន ព្រះមុនីសត្ថាចារ្យកោសល្យ កែវ ចន្ថា មេគណខេត្តកំពង់ស្ពឺ គណមហានិកាយ នៅពុទ្ធិកអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បារមន។ ពិធីនេះមានការនិមន្តចូលរួមពី ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុកទាំង៩ សរុបជាង ២៥០អង្គ ព្រមទាំងព្រះសង្ឃ និងអ្នកពាក់ព័ន្ធក្នុងវិស័យពុទ្ធិកសិក្សា។









