
រដ្ឋបាលខេត្តកណ្តាល និងអគ្គនាយកដ្ឋានពន្ធដារ រួមគ្នាជំរុញការដោះស្រាយនីតិវិធីពន្ធ ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ ឱ្យបង្កើតគ្រុបតេឡេក្រាម សម្រាប់ទទួលព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងបញ្ហាផ្សេងៗក្នុងមូលដ្ឋាន។ ការបង្កើតប្រព័ន្ធទំនាក់ទំនងនេះ នឹងជួយឱ្យអាជ្ញាធរមូលដ្ឋានអាចប្រមូលព័ត៌មាន កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយបានចំគោលដៅ ក៏ដូចជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាការឆ្លើយតប ឯកឧត្តម គង់ វិបុល បានធ្វើការពន្យល់ និងណែនាំលម្អិតអំពីនីតិវិធីនៃការបង់ពន្ធពាក់ព័ន្ធនឹងការចុះបញ្ជី និងការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ក្នុងការជួយសម្រួលដល់ការងាររបស់រដ្ឋបាលខេត្តកណ្តាល ដោយមានគោលដៅជំរុញឱ្យខេត្តកណ្តាលក្លាយជាខេត្តគំរូក្នុងការអនុវត្តនីតិវិធីបង់ពន្ធ និងចេញប័ណ្ណកម្មសិទ្ធិបានលឿន និងមានប្រសិទ្ធភាព។











