
ទីក្រុងណានិញ៖ នារាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូបានមកដល់ទីក្រុងណានិញ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមវេទិកាព្រះពុទ្ធសាសនានាយុគសម័យបច្ចុប្បន្ន ដែលផ្តោតលើបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត (Digital and Artificial Intelligence)
ការចូលរួមក្នុងវេទិកានេះ គឺជាឱកាសដ៏សំខាន់សម្រាប់គណៈប្រតិភូកម្ពុជាក្នុងការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងចំណេះដឹងជាមួយតំណាងស្ថាប័នព្រះពុទ្ធសាសនាអន្តរជាតិ ពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ព្រមទាំងការស្វែងយល់ពីលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះក្នុងការសិក្សា ការស្រាវជ្រាវ និងការផ្សព្វផ្សាយព្រះធម៌ឱ្យកាន់តែទូលំទូលាយ ស្របតាមការរីកចម្រើននៃសង្គមសម័យទំនើប និងរក្សាបាននូវតម្លៃសីលធម៌ និងគោលធម៌ព្រះពុទ្ធសាសនា។ ជាមួយគ្នានេះ ការចូលរួមរបស់គណៈប្រតិភូកម្ពុជាក៏ជាការរួមចំណែកក្នុងការលើកកម្ពស់តួនាទីព្រះពុទ្ធសាសនាកម្ពុជាលើឆាកអន្តរជាតិ ពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នព្រះពុទ្ធសាសនានៃបណ្តាប្រទេសនានា ព្រមទាំងជំរុញការយោគយល់គ្នាទៅវិញទៅមក និងការរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងការកសាងសន្តិភាព សីលធម៌ និងសុខដុមរមនាក្នុងសង្គម។









