
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បន្តធ្វើយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ
កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦---លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និង លោក ជា សុខុន អភិបាលរង នៃគណៈអភិបាលស្រុកបសេដ្ឋ អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយយុទ្ធនាការក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងកងកម្លាំងទាំង៣ប្រភេទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ១,៥០០នាក់។ យុទ្ធនាការជំហានទី២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តដាស់តឿន និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពិសេសក្នុងស្រទាប់យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយគរុកោសល្យ និងការទទួលខុសត្រូវ ក្នុងការទទួល និងចែករំលែកព័ត៌មាន។ យុទ្ធនាការនេះក៏ជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបំពុលបរិយាកាសសង្គម បង្កភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។











