
កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ៣០០គ្រួសារ នៅស្រុកគងពិសី
កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦— លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល (វត្តស្វាយទាប) ស្ថិតក្នុងភូមិស្វាយ ឃុំស្តុក ស្រុកគងពិសី។ ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាតែងតែឈរនៅក្បែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយដោយមិនបានដឹង ឬមិនបានជួយនោះឡើយ។










