
នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយឯកឧត្តម ហ៊ី សោភា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» នៅសាលប្រជុំ វ៉ី សំណាង នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរដែនដីជាច្រើនរូប
កំពង់ស្ពឺ÷ សិក្ខាសាលានេះបានរំលេចថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលបានបន្សាំបន្ស៊ីរវាង គុណតម្លៃប្រពៃណីខ្មែរ (ជាតិ សាសនា ព្រះមហាក្សត្រ) និង គុណតម្លៃទំនើប (ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ) ដើម្បីរក្សាស្ថិរភាព និងសុខដុមរមនាសង្គម។ សមិទ្ធផលសំខាន់ៗទាំង ៤ ក្នុងរយៈពេល ៣០ឆ្នាំរួមមាន៖របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ ព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ។ -លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៖ ជាមូលដ្ឋានគ្រឹះនៃនយោបាយកម្ពុជា។ -ការពង្រឹងនីតិរដ្ឋ៖ តម្កល់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃប្រទេស។ -ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ៖ ការពារកម្មសិទ្ធិឯកជន និងជំរុញសមធម៌សង្គម។










