
រោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់របស់កូនខ្មែរ ដែលមានសមត្ថភាពផលិតបាន៥០តោនក្នុងមួយថ្ងៃ កំពុងមានវត្តមានជាលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖រោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់នៃស្រូវផ្កាម្លិះ(សុខៈ)ដែលចំណាយដើមទុនប្រមាណ ជិត១០លានដុល្លារ និងមានសមត្ថភាពផលិតបានប្រេងឆាក្នុងរង្វង់៥០តោនក្នុងមួយថ្ងៃកំពុងមានវត្តមានជាលើកដំបូងនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក ឆែន ច័ន្ទដារ៉ា អគ្គនាយកក្រុមហ៊ុន ប្រេងកន្ទក់កម្ពុជា បានឱ្យដឹងនាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមហ៊ុនបានបង្កើតរោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ស្រូវក្នុងកម្រិតមធ្យមជាលើកដំបូងក្នុងខេត្តកំពង់ស្ពឺ ដែលនិងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្មនាដើមខែធ្នូខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់ចម្អិនម្ហូបអាហារប្រចាំថ្ងៃក្នុងផ្ទះបាយ។ជាជំហានទី១ ក្រុមហ៊ុនបានបង្កើតរោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់នៅស្រុកថ្មគោល ខេត្តបាត់ដំបងមានលទ្ធភាពចម្រាញ់ប្រេងបានក្នុងរង្វង់ពី៦ទៅ១០តោនក្នុងមួយថ្ងៃ ដោយប្រមូលទិញវត្ថធាតុដើមមកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ចំពោះផលិតដែលចម្រាញ់បានគឺក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់ទៅតាមទីផ្សារក្នុងស្រុក និងមួយផ្នែកតូចនាំចេញទៅក្រៅប្រទេស។











